1. លោកអ៊ីស្រាអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ លុះទៅដល់បៀរសេបា លោកបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ជាព្រះរបស់លោកអ៊ីសាក ជាឪពុក។
2. ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកអ៊ីស្រាអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រាអែលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់!»។
3. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។
4. យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។
5. លោកយ៉ាកុបចាកចេញពីបៀរសេបា។ កូនរបស់លោកអ៊ីស្រាអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលព្រះចៅផារ៉ោនបានបញ្ជូនឲ្យមកទទួលនោះ។
6. គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ លោកយ៉ាកុបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។
7. លោកនាំកូនប្រុស ចៅប្រុស កូនស្រី ចៅស្រី គឺនាំពូជពង្សទាំងប៉ុន្មានរបស់លោក ទៅស្រុកអេស៊ីប។
8. នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្រាអែល ដែលធ្វើដំណើរទៅស្រុកអេស៊ីប។លោកយ៉ាកុប និងកូនប្រុសរបស់លោក កូនច្បងរបស់លោកយ៉ាកុប គឺរូបេន។
9. កូនប្រុសរបស់លោករូបេនមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។