1. លោកអ៊ីស្រាអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ លុះទៅដល់បៀរសេបា លោកបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ជាព្រះរបស់លោកអ៊ីសាក ជាឪពុក។
2. ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកអ៊ីស្រាអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រាអែលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់!»។
3. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។
4. យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។