20. យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។
21. លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។
22. យើងខ្ញុំបានជម្រាបលោកម្ចាស់ថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាទទួលមរណភាពមិនខាន”។
23. លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។
24. ពេលយើងខ្ញុំវិលទៅជួបឪពុកវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជម្រាបគាត់។
25. ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសម្រាប់ក្រុមគ្រួសារយើងមក”។
26. យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។
27. ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។
28. ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។
29. ឥឡូវនេះ កូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជាធ្វើឲ្យពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងវេទនាមិនខាន”។
30. ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ
31. ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។
32. ខ្ញុំប្របាទផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំប្របាទថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។