20. យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។
21. លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។
22. យើងខ្ញុំបានជម្រាបលោកម្ចាស់ថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាទទួលមរណភាពមិនខាន”។
23. លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។
24. ពេលយើងខ្ញុំវិលទៅជួបឪពុកវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជម្រាបគាត់។
25. ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសម្រាប់ក្រុមគ្រួសារយើងមក”។
26. យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។
27. ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។
28. ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។