1. បន្ទាប់មក លោកយ៉ូសែបបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗនៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។
2. ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។
3. លុះភ្លឺឡើង គេអនុញ្ញាតឲ្យកូនៗរបស់លោកយ៉ាកុបដឹកលាចាកចេញទៅ តាំងពីព្រលឹម។
4. ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច លោកយ៉ូសែបមានប្រសាសន៍ទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់លោកថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ?
5. ម្ចាស់របស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។
6. អ្នកមើលខុសត្រូវលើផ្ទះដេញតាមពួកគេទាន់ ហើយនិយាយទៅពួកគេ តាមពាក្យលោកយ៉ូសែបបង្គាប់។
7. ពួកគេតបមកវិញថា៖ «ហេតុដូចម្ដេចបានជាលោកម្ចាស់មានប្រសាសន៍ដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។
8. ពេលយើងខ្ញុំឃើញប្រាក់នៅមាត់បាវស្រូវ យើងខ្ញុំបានយកប្រាក់នោះពីស្រុកកាណានមកជូនលោកវិញ ដូច្នេះ តើឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះម្ចាស់របស់លោកដូចម្ដេចកើត!
9. ក្នុងចំណោមយើងខ្ញុំ បើលោកម្ចាស់រកឃើញថា អ្នកណាលួចយកពែង អ្នកនោះត្រូវទទួលទោសដល់ជីវិត ហើយសូមយកយើងខ្ញុំទៅធ្វើជាទាសករចុះ!»។
10. បុរសនោះតបថា៖ «អ៊ីចឹងក៏បាន ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នករាល់គ្នា! បើខ្ញុំរកឃើញពែងក្នុងបាវអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ ប៉ុន្តែ អ្នកឯទៀតៗនឹងបានរួចខ្លួន»។
11. ពួកគេប្រញាប់ប្រញាល់ទម្លាក់បាវស្រូវរៀងៗខ្លួនចុះមកដី ហើយស្រាយមាត់បាវ។
12. អ្នកមើលខុសត្រូវលើផ្ទះលោកយ៉ូសែប ក៏ចាប់ផ្ដើមឆែកឆេរមើលបាវរបស់អ្នកដែលចាស់ជាងគេ រហូតដល់អ្នកដែលក្មេងជាងគេ ហើយរកពែងនោះឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។
13. បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញ។
14. លោកយូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់លោកយ៉ូសែប ឃើញលោកនៅទីនោះនៅឡើយ។ ពួកគេក្រាបថ្វាយបង្គំលោកដល់ដី។
15. លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។
16. លោកយូដាតបថា៖ «យើងខ្ញុំប្របាទគ្មានអ្វីឆ្លើយនឹងលោកម្ចាស់ទេ យើងខ្ញុំក៏រកពាក្យមកដោះសាពុំបានដែរ ព្រះជាម្ចាស់បានបង្ហាញកំហុសរបស់យើងខ្ញុំស្រាប់ហើយ ដូច្នេះ យើងខ្ញុំព្រមទាំងអ្នកដែលបានលួចពែង សុខចិត្តធ្វើជាទាសកររបស់លោកម្ចាស់»។
17. លោកយ៉ូសែបប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញដោយសុខសាន្តចុះ»។
18. ពេលនោះ លោកយូដាខិតចូលទៅជិតលោកយ៉ូសែបអង្វរថា៖ «លោកម្ចាស់អើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតឲ្យខ្ញុំប្របាទជម្រាបជូនលោកម្ចាស់ស្ដាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់មានអំណាចស្មើនឹងព្រះចៅផារ៉ោនដែរ។
19. លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ”
20. យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្ដាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។
21. លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។