5. ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតលោកនោះមានប្រសាសន៍ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។
6. លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបលោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។
7. ពួកគេតបវិញថា៖ «លោកបានជំរិតសួរចម្លើយពួកកូន ឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្ដានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់លោក។ ពួកកូនមិននឹកស្មានថា លោកនឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។
8. លោកយូដាជម្រាបលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យអាពៅទៅជាមួយកូនចុះ។ យើងត្រូវតែរៀបចំខ្លួនចេញទៅ ដើម្បីកុំឲ្យយើងស្លាប់ គឺឲ្យយើងបានរួចជីវិត ទាំងលោកឪពុក ទាំងចៅៗ និងពួកកូនផ្ទាល់។
9. កូននឹងធានាមើលថែរក្សាវា កូនសូមរ៉ាប់រងទាំងអស់ ប្រសិនបើកូនមិនយកវាមកឲ្យលោកឪពុកឃើញមុខទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត។
10. មួយវិញទៀត ប្រសិនបើយើងមិនពន្យារពេលទេនោះ ម៉្លេះសមយើងត្រឡប់មកវិញពីរដងរួចទៅហើយ»។
11. លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនលោកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្ដែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។
12. ចូរយកប្រាក់ទៅជាមួយពីរដងច្រើនជាងមុន គឺយកប្រាក់ដែលពួកកូនបានឃើញនៅក្នុងបាវស្រូវនោះទៅផង ប្រហែលមកពីគេដាក់ច្រឡំ។
13. ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបលោកនោះទៅ។
14. សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតប្រទានឲ្យលោកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម្មាន និងបេនយ៉ាមីនវិលត្រឡប់មកវិញជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។
15. កូនៗរបស់លោកយ៉ាកុបបាននាំគ្នាយកជំនូន យកប្រាក់មួយជាទ្វេ ព្រមទាំងយកបេនយ៉ាមីន ចេញដំណើរឆ្ពោះទៅស្រុកអេស៊ីប ហើយចូលជួបលោកយ៉ូសែប។
16. កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយបងៗ លោកក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់រួមជាមួយខ្ញុំ»។
17. បុរសនោះធ្វើតាមពាក្យលោកយ៉ូសែបបង្គាប់ រួចនាំពួកគេចូលទៅក្នុងផ្ទះ។
18. កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។