26. ពេលលោកយ៉ូសែបមកដល់ផ្ទះវិញ បងៗក៏នាំគ្នាយកជំនូនមកជូនលោក ហើយក្រាបដល់ដីថ្វាយបង្គំលោក។
27. លោកសួរសុខទុក្ខពួកគេ ហើយមានប្រសាសន៍ថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថាមានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?»
28. ពួកគេតបថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាអោនកាយក្រាបថ្វាយបង្គំលោក។
29. លោកយ៉ូសែបសម្លឹងមើលទៅឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកសួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានតំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចលោកបន្ថែមថា៖ «សូមព្រះជាម្ចាស់ប្រណីសន្តោសដល់អ្នក!»។
30. ពេលលោកយ៉ូសែបឃើញប្អូន លោកអួលដើមក លោកក៏ចូលទៅយំនៅក្នុងបន្ទប់ ព្រោះទប់ទឹកភ្នែកពុំបាន។
31. ក្រោយលុបលាងមុខរួចហើយ លោកក៏ចេញមកវិញ ទាំងខំប្រឹងទប់ចិត្តឲ្យស្ងប់ ហើយប្រាប់គេឲ្យលើកម្ហូបអាហារមក។
32. គេលើកម្ហូបអាហារមកជូនលោកដោយឡែក បងប្អូនលោកដោយឡែក និងជនជាតិអេស៊ីបដែលបរិភោគជាមួយលោក ដោយឡែក ដ្បិតជនជាតិអេស៊ីបគ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។
33. បងប្អូនរបស់លោកយ៉ូសែបអង្គុយបរិភោគ នៅទល់មុខលោក តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេរហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។
34. លោកយ៉ូសែបឲ្យអ្នកបម្រើយកម្ហូបអាហារពីតុរបស់លោកទៅជូនបងប្អូន បេនយ៉ាមីនទទួលប្រាំដងច្រើនជាងបងៗទាំងអស់សរុបគ្នា។ ពួកគេក៏ផឹកស្រាយ៉ាងច្រើនជាមួយលោកយ៉ូសែបដែរ។