18. កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។
19. ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់លោកយ៉ូសែប ហើយពោលទៅគាត់ថា៖
20. «សូមទោសលោកម្ចាស់ យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្ដងរួចមកហើយ។
21. ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ
22. ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះ ក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។