1. ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។
2. កាលបរិភោគស្រូវដែលគេបានយកមកពីស្រុកអេស៊ីបនោះអស់ហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកូនៗថា៖ «ចូរកូននាំគ្នាវិលទៅរកទិញស្បៀងអាហារខ្លះពីស្រុកអេស៊ីបមក»។
3. លោកយូដាតបថា៖ «លោកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេ នោះកុំមកជួបមុខខ្ញុំឲ្យសោះ!”។
4. ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបកូនសុខចិត្តចុះទៅរកទិញស្បៀងអាហារមក។
5. ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតលោកនោះមានប្រសាសន៍ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។
6. លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបលោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។
7. ពួកគេតបវិញថា៖ «លោកបានជំរិតសួរចម្លើយពួកកូន ឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្ដានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់លោក។ ពួកកូនមិននឹកស្មានថា លោកនឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។
8. លោកយូដាជម្រាបលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យអាពៅទៅជាមួយកូនចុះ។ យើងត្រូវតែរៀបចំខ្លួនចេញទៅ ដើម្បីកុំឲ្យយើងស្លាប់ គឺឲ្យយើងបានរួចជីវិត ទាំងលោកឪពុក ទាំងចៅៗ និងពួកកូនផ្ទាល់។
9. កូននឹងធានាមើលថែរក្សាវា កូនសូមរ៉ាប់រងទាំងអស់ ប្រសិនបើកូនមិនយកវាមកឲ្យលោកឪពុកឃើញមុខទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត។
10. មួយវិញទៀត ប្រសិនបើយើងមិនពន្យារពេលទេនោះ ម៉្លេះសមយើងត្រឡប់មកវិញពីរដងរួចទៅហើយ»។