6. នៅគ្រានោះ លោកយ៉ូសែបមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយលោកចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់លោកនាំគ្នាមកក្រាបថ្វាយបង្គំលោក អោនមុខចុះដល់ដី។
7. កាលលោកយ៉ូសែបឃើញបងៗ លោកស្គាល់ភ្លាម តែលោកមិនបានធ្វើឲ្យគេស្គាល់វិញទេ។ លោកមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំប្របាទមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។
8. លោកយ៉ូសែបស្គាល់បងៗ តែពួកគេមិនបានស្គាល់លោកទេ។
9. ពេលនោះ លោកយ៉ូសែបនឹកឃើញសុបិនរបស់លោកស្ដីអំពីបងៗថ្វាយបង្គំលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែងដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។
10. ពួកគេតបវិញថា៖ «ប្របាទទេ លោកម្ចាស់! យើងខ្ញុំមកនេះ ដើម្បីសុំទិញស្បៀងទេតើ។
11. យើងខ្ញុំទាំងអស់គ្នាជាបងប្អូនបង្កើត មានឪពុកតែមួយ យើងខ្ញុំប្របាទសុទ្ធតែជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ»។
12. លោកយ៉ូសែបតបថា៖ «មិនពិតទេ! ពួកឯងមកទីនេះក្នុងគោលបំណងរកមើលកន្លែង ដែលគ្មានទីតាំងមាំទាំ»។
13. ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំប្របាទមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយ នៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។
14. លោកយ៉ូសែបមានប្រសាសន៍ថា៖ «ឃើញទេ ពិតដូចពាក្យខ្ញុំថាមែន គឺឯងរាល់គ្នាជាអ្នកស៊ើបការណ៍!
15. ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាព្រះចៅផារ៉ោននៅមានព្រះជន្ម ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
16. ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅហៅប្អូនពៅពួកឯងមក រីឯឯងរាល់គ្នាត្រូវនៅជាប់គុកសិន។ ធ្វើដូច្នេះ យើងនឹងដឹងថាពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងមុខជាដឹងថា ឯងរាល់គ្នាជាអ្នកស៊ើបការណ៍មែន។ សូមព្រះចៅផារ៉ោនធ្វើជាសាក្សី!»។