30. ពួកគេជម្រាបឪពុកថា៖ «លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការណ៍ទៀតផង។
31. ពួកកូនបានឆ្លើយវិញថា “យើងខ្ញុំជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ។
32. យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ឪពុកតែមួយ ប្អូនយើងខ្ញុំម្នាក់បានស្លាប់បាត់ទៅហើយ រីឯប្អូនពៅនៅជាមួយឪពុក នៅស្រុកកាណាន”។
33. លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបនោះ មានប្រសាសន៍មកពួកកូនវិញថា “តោងធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំដឹងថា ឯងរាល់គ្នាពិតជានិយាយត្រង់មែនឬយ៉ាងណា គឺទុកម្នាក់ឲ្យនៅទីនេះជាមួយខ្ញុំសិន ហើយអ្នកឯទៀតៗយកស្រូវតាមសេចក្ដីត្រូវការរបស់គ្រួសារ ដែលកំពុងអត់ឃ្លាន
34. រួចនាំគ្នាទៅចុះ។ បន្ទាប់មក ចូរនាំប្អូនពៅមកជួបខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ តែជាមនុស្សទៀងត្រង់។ បន្ទាប់មក ខ្ញុំនឹងដោះលែងអ្នកដែលជាប់ឃុំឃាំងនៅទីនេះ ហើយអ្នករាល់គ្នាអាចរកស៊ីលក់ដូរនៅស្រុកនេះបាន”»។
35. ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។
36. លោកយ៉ាកុប ជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយ៉ូសែបក៏បាត់ ស៊ីម្មានក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។
37. លោករូបេនជម្រាបឪពុកថា៖ «ប្រសិនបើកូនមិននាំបេនយ៉ាមីនមកជូនលោកឪពុកវិញទេនោះ សូមសម្លាប់កូនប្រុសទាំងពីររបស់កូនទៅ! កូនសូមធានាខុសត្រូវទាំងស្រុង គឺកូនមុខជានាំវាមកជូនលោកឪពុកវិញមិនខាន»។
38. លោកយ៉ាកុបមានប្រសាសន៍ថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបម្រុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។