20. បន្ទាប់មក ត្រូវនាំប្អូនរបស់ឯងរាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលឯងរាល់គ្នានិយាយ។ ដូច្នេះ ឯងរាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។
21. គេក៏យល់ស្របធ្វើតាម ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ យើងបានប្រព្រឹត្តខុសចំពោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខលំបាករបស់វា នៅពេលដែលវាទទូចអង្វរយើង តែយើងពុំបានស្ដាប់វាទេ។ ហេតុនេះហើយបានជាយើងកើតទុក្ខលំបាកដូច្នោះដែរ»។
22. លោករូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នាហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្ដាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។
23. ពួកគេពុំដឹងថា លោកយ៉ូសែបស្ដាប់បានទាំងអស់ទេ ដ្បិតពេលលោកនិយាយជាមួយពួកគេ មានអ្នកបកប្រែជូន។
24. លោកយ៉ូសែបចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយ៉ូសែបបានយកលោកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។
25. លោកយ៉ូសែបបញ្ជាអ្នកបម្រើឲ្យច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់ទៅក្នុងថង់របស់គេរៀងៗខ្លួនវិញ ព្រមទាំងឲ្យស្បៀងសម្រាប់បរិភោគតាមផ្លូវទៀតផង។ លោកប្រព្រឹត្តដូច្នេះចំពោះបងៗ។
26. ពួកបងៗក៏នាំគ្នាលើកស្រូវដាក់លើខ្នងលា រួចចេញដំណើរពីទីនោះទៅ។
27. លុះទៅដល់កន្លែងឈប់សម្រាកនៅតាមផ្លូវ មានពួកគេម្នាក់ស្រាយបាវ យកស្មៅឲ្យលាស៊ី ហើយឃើញប្រាក់របស់ខ្លួននៅមាត់បាវ។
28. គាត់ក៏ប្រាប់បងប្អូនថា៖ «គេសងប្រាក់ខ្ញុំវិញហើយ មើលនែ៎ ប្រាក់ខ្ញុំនៅក្នុងបាវ!»។ ពេលនោះ គេភាំងស្មារតី តក់ស្លុតជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «មិនដឹងជាព្រះជាម្ចាស់ចង់ធ្វើយ៉ាងណាចំពោះយើងទេ!»។
29. ពេលពួកគេបានទៅជួបជុំនឹងលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់លោកនូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។