1. នៅគ្រានោះ លោកយ៉ាកុបបានឮដំណឹងថាមានស្រូវនៅស្រុកអេស៊ីប លោកក៏មានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។
2. លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកូននាំគ្នាចុះទៅស្រុកអេស៊ីប រកទិញស្បៀងអាហារមក ដើម្បីយើងបានរួចជីវិត កុំឲ្យយើងអត់បាយស្លាប់ឡើយ»។
3. បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប
4. តែលោកយ៉ាកុបពុំបានចាត់បេនយ៉ាមីន ជាប្អូនរបស់លោកយ៉ូសែប ឲ្យទៅជាមួយបងៗឡើយ ព្រោះលោកគិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។
5. កូនៗរបស់លោកអ៊ីស្រាអែលបាននាំគ្នាមកទិញស្រូវ ដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។
6. នៅគ្រានោះ លោកយ៉ូសែបមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយលោកចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់លោកនាំគ្នាមកក្រាបថ្វាយបង្គំលោក អោនមុខចុះដល់ដី។
7. កាលលោកយ៉ូសែបឃើញបងៗ លោកស្គាល់ភ្លាម តែលោកមិនបានធ្វើឲ្យគេស្គាល់វិញទេ។ លោកមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំប្របាទមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។
8. លោកយ៉ូសែបស្គាល់បងៗ តែពួកគេមិនបានស្គាល់លោកទេ។
9. ពេលនោះ លោកយ៉ូសែបនឹកឃើញសុបិនរបស់លោកស្ដីអំពីបងៗថ្វាយបង្គំលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែងដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។