9. ពេលនោះ មហាតលិកដែលមាននាទីថ្វាយស្រា បានទូលព្រះចៅផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំសូមសារភាពកំហុសមួយ។
10. កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើរបស់ព្រះអង្គ ហើយបញ្ជាឲ្យគេយកទូលបង្គំ ព្រមទាំងមហាតលិកដែលមាននាទីថ្វាយនំប៉័ង ទៅឃុំឃាំងក្នុងពន្ធនាគាររបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ។
11. ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ដែលមានន័យប្លែកពីគ្នា។
12. ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរបានតំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យទូលបង្គំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។
13. ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺព្រះករុណាប្រទានឲ្យទូលបង្គំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្ដេចឲ្យគេព្យួរ-ក មហាតលិកម្នាក់ទៀត»។
14. ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។
15. ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេតំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។
16. លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «មិនមែនទូលបង្គំទេដែលចេះកាត់ស្រាយន័យ! មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យថ្វាយព្រះករុណាបាន»។