5. បន្ទាប់មក ស្ដេចផ្ទំលក់សាជាថ្មី ហើយទ្រង់សុបិនម្ដងទៀត។ ស្ដេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ
6. ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។
7. កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។
8. ព្រឹកឡើងព្រះចៅផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ស្ដេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយតំណាលអំពីសុបិនរបស់ស្ដេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះថ្វាយព្រះចៅផារ៉ោនបានឡើយ។
9. ពេលនោះ មហាតលិកដែលមាននាទីថ្វាយស្រា បានទូលព្រះចៅផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំសូមសារភាពកំហុសមួយ។