លោកុ‌ប្បត្តិ 41:47-57 Khmer Standard Version (KHSV)

47. ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ‌ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្ដល់​ភោគ‌ផល​យ៉ាង​ច្រើន​បរិបូណ៌។

48. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ លោក​យ៉ូសែប​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នានា គឺ​យក​ស្បៀង​ដែល​ជា​ភោគ‌ផល​តាម​ស្រែ​ចម្ការ​ជុំ‌វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទីក្រុង។

49. លោក​យ៉ូសែប​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​ឡើយ។

50. នៅ​ឆ្នាំ​មុន​កើត​ទុរ្ភិក្ស លោក​ស្រី​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុស​ពីរ​ជូន​លោក​យ៉ូសែប។

51. លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ា‌ណាសេ” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។

52. លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រាអ៊ីម” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។

53. លុះ​ស្រុក​អេស៊ីប​បាន​សម្បូណ៌​ហូរ‌ហៀរ​គម្រប់​ប្រាំ‌ពីរ​ឆ្នាំ​ហើយ

54. ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ​ក៏​ចាប់​ផ្ដើម​កើត​មាន ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។

55. ក្រោយ​មក ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្ដើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាម‌ទារ​សុំ​ស្បៀង​អាហារ​ពី​ព្រះចៅ​ផារ៉ោន ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។

56. ពេល​នោះ ទុរ្ភិក្ស​បាន​រាល‌ដាល​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ លោក​យ៉ូសែប​បាន​បើក​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​តាម​ក្រុង​នានា លក់​ស្រូវ​ឲ្យ​ជន‌ជាតិ​អេស៊ីប ប៉ុន្តែ ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ ក្នុង​ស្រុក​អេស៊ីប។

57. មនុស្ស‌ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​លោក​យ៉ូសែប ដ្បិត​ទុរ្ភិក្ស​រាល‌ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។

លោកុ‌ប្បត្តិ 41