46. កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
47. ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូណ៌។
48. ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។
49. លោកយ៉ូសែបប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់ឡើយ។
50. នៅឆ្នាំមុនកើតទុរ្ភិក្ស លោកស្រីអាសណាត់ជាកូនរបស់លោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតកូនប្រុសពីរជូនលោកយ៉ូសែប។
51. លោកយ៉ូសែបដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតលោកពោលថា “ព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្ដានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។
52. លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។
53. លុះស្រុកអេស៊ីបបានសម្បូណ៌ហូរហៀរគម្រប់ប្រាំពីរឆ្នាំហើយ
54. ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្ដើមកើតមាន ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូលមានអាហារបរិភោគគ្រប់គ្រាន់។
55. ក្រោយមក ប្រជាជននៅស្រុកអេស៊ីបចាប់ផ្ដើមខ្វះខាត គេក៏នាំគ្នាទាមទារសុំស្បៀងអាហារពីព្រះចៅផារ៉ោន ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមពាក្យលោកចុះ»។
56. ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញស្រុកអេស៊ីបទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងប៉ុន្មាននៅតាមក្រុងនានា លក់ស្រូវឲ្យជនជាតិអេស៊ីប ប៉ុន្តែ ទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗ ក្នុងស្រុកអេស៊ីប។
57. មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។