43. រួចឲ្យលោកឡើងជិះរាជរថ ដែលនៅបន្ទាប់ពីព្រះអង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយបង្គំ!»។ ព្រះចៅផារ៉ោនបានតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។
44. ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។
45. ព្រះចៅផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា “សាប់ណាត់ផានា” ហើយស្ដេចដណ្ដឹងនាងអាសណាត់ ដែលត្រូវជាកូនស្រីរបស់លោកប៉ូទីផេរ៉ា ជាបូជាចារ្យនៅក្រុងអូន មកឲ្យលោកធ្វើជាភរិយា។ ពេលនោះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។
46. កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
47. ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូណ៌។
48. ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។
49. លោកយ៉ូសែបប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់ឡើយ។