3. បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗសល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។
4. គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។
5. បន្ទាប់មក ស្ដេចផ្ទំលក់សាជាថ្មី ហើយទ្រង់សុបិនម្ដងទៀត។ ស្ដេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ
6. ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។
7. កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។
8. ព្រឹកឡើងព្រះចៅផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ស្ដេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយតំណាលអំពីសុបិនរបស់ស្ដេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះថ្វាយព្រះចៅផារ៉ោនបានឡើយ។
9. ពេលនោះ មហាតលិកដែលមាននាទីថ្វាយស្រា បានទូលព្រះចៅផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំសូមសារភាពកំហុសមួយ។
10. កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើរបស់ព្រះអង្គ ហើយបញ្ជាឲ្យគេយកទូលបង្គំ ព្រមទាំងមហាតលិកដែលមាននាទីថ្វាយនំប៉័ង ទៅឃុំឃាំងក្នុងពន្ធនាគាររបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ។
11. ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ដែលមានន័យប្លែកពីគ្នា។
12. ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរបានតំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យទូលបង្គំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។
13. ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺព្រះករុណាប្រទានឲ្យទូលបង្គំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្ដេចឲ្យគេព្យួរ-ក មហាតលិកម្នាក់ទៀត»។
14. ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។