26. គោញីធាត់ៗល្អទាំងប្រាំពីរក្បាលមានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។
27. គោញីប្រាំពីរក្បាលស្គម សល់តែស្បែក និងឆ្អឹង ដែលឡើងមកតាមក្រោយនោះ មានន័យថាប្រាំពីរឆ្នាំដែរ ហើយកួរស្រូវស្កកដែលស្លោកដោយចំហាយខ្យល់ពីទិសខាងកើតនោះ មានន័យថា មានកើតទុរ្ភិក្សប្រាំពីរឆ្នាំ។
28. បពិត្រព្រះចៅផារ៉ោន ទូលបង្គំទើបនឹងទូលព្រះករុណាស្រាប់ហើយ ថាព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលព្រះអង្គបម្រុងនឹងធ្វើ
29. គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូលនឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។
30. ប្រាំពីរឆ្នាំបន្ទាប់មកទៀតនឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។
31. ប្រជាជននឹងលែងនឹកឃើញអំពីគ្រាសម្បូណ៌ហូរហៀរ ក្នុងស្រុកទៀតហើយ ព្រោះតែអត់ឃ្លានខ្លាំងពេក។
32. ព្រះករុណាទ្រង់សុបិនដល់ទៅពីរដងដូច្នេះ បញ្ជាក់ថា ព្រះជាម្ចាស់បានគ្រោងនឹងធ្វើកិច្ចការនេះរួចស្រេចហើយ ហើយព្រះអង្គនឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។
33. ឥឡូវនេះ សូមព្រះករុណារកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប។