21. ទោះបីគោញីស្គមៗលេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។
22. បន្ទាប់មក យើងយល់សុបិនម្ដងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ
23. ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។
24. កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានតំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឲ្យយើងបានឡើយ»។
25. លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាមានអត្ថន័យដូចគ្នាទេ គឺព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីកិច្ចការ ដែលព្រះអង្គបម្រុងនឹងធ្វើ។
26. គោញីធាត់ៗល្អទាំងប្រាំពីរក្បាលមានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។
27. គោញីប្រាំពីរក្បាលស្គម សល់តែស្បែក និងឆ្អឹង ដែលឡើងមកតាមក្រោយនោះ មានន័យថាប្រាំពីរឆ្នាំដែរ ហើយកួរស្រូវស្កកដែលស្លោកដោយចំហាយខ្យល់ពីទិសខាងកើតនោះ មានន័យថា មានកើតទុរ្ភិក្សប្រាំពីរឆ្នាំ។
28. បពិត្រព្រះចៅផារ៉ោន ទូលបង្គំទើបនឹងទូលព្រះករុណាស្រាប់ហើយ ថាព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលព្រះអង្គបម្រុងនឹងធ្វើ
29. គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូលនឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។
30. ប្រាំពីរឆ្នាំបន្ទាប់មកទៀតនឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។
31. ប្រជាជននឹងលែងនឹកឃើញអំពីគ្រាសម្បូណ៌ហូរហៀរ ក្នុងស្រុកទៀតហើយ ព្រោះតែអត់ឃ្លានខ្លាំងពេក។
32. ព្រះករុណាទ្រង់សុបិនដល់ទៅពីរដងដូច្នេះ បញ្ជាក់ថា ព្រះជាម្ចាស់បានគ្រោងនឹងធ្វើកិច្ចការនេះរួចស្រេចហើយ ហើយព្រះអង្គនឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។
33. ឥឡូវនេះ សូមព្រះករុណារកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប។
34. សូមព្រះករុណាតែងតាំងមន្ត្រីផ្សេងៗឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។
35. មន្ត្រីទាំងនោះត្រូវប្រមែប្រមូលស្បៀងអាហារ ក្នុងរយៈពេលប្រាំពីរឆ្នាំសម្បូណ៌ហូរហៀរ បង្ការទុកនៅក្នុងឃ្លាំងតាមក្រុងនានា ក្រោមព្រះរាជបញ្ជារបស់ព្រះករុណាផ្ទាល់។
36. ស្បៀងនោះត្រូវរក្សាទុកសម្រាប់ស្រុកទេស ដើម្បីយកមកប្រើប្រាស់ក្នុងពេលទុរ្ភិក្សប្រាំពីរឆ្នាំ នៅស្រុកអេស៊ីប កុំឲ្យប្រជាជនត្រូវស្លាប់ដោយអត់ឃ្លាន»។
37. ព្រះចៅផារ៉ោនសព្វព្រះហឫទ័យនឹងពាក្យរបស់លោកយ៉ូសែប ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។