14. ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។
15. ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេតំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។
16. លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «មិនមែនទូលបង្គំទេដែលចេះកាត់ស្រាយន័យ! មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យថ្វាយព្រះករុណាបាន»។
17. ពេលនោះ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបថា៖ «យើងបានយល់សុបិនថា យើងកំពុងតែឈរនៅមាត់ទន្លេ។
18. ពេលនោះ មានគោញីធាត់ៗល្អប្រាំពីរក្បាល ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។
19. បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗ អាក្រក់មើល សល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយដែរ យើងមិនដែលឃើញគោណាអាក្រក់មើលបែបនេះ នៅស្រុកអេស៊ីបទាំងមូលឡើយ។
20. គោញីស្គមៗសល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗដែលឡើងមកមុននោះអស់ទៅ។
21. ទោះបីគោញីស្គមៗលេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។
22. បន្ទាប់មក យើងយល់សុបិនម្ដងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ
23. ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។