លោកុ‌ប្បត្តិ 40:15-23 Khmer Standard Version (KHSV)

15. ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេប្រឺ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​គួរ​ឲ្យ​គេ​យក​មក​ឃុំ‌ឃាំង​ដូច្នេះ​ឡើយ»។

16. មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ឃើញ​លោក​យ៉ូសែប​កាត់​សប្តិ​ឲ្យ​មហា‌តលិក​ម្នាក់​ទៀត​ល្អ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «រីឯ​ខ្ញុំ​វិញ ក្នុង​សប្តិ​នោះ ខ្ញុំ​ឃើញ​នំ​បី​កញ្ច្រែង​នៅ​លើ​ក្បាល​របស់​ខ្ញុំ។

17. នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ ដែល​ព្រះចៅ​ផារ៉ោន​ធ្លាប់​សោយ។ ក៏​ប៉ុន្តែ មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។

18. លោក​យ៉ូសែប​តប​វិញ​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។

19. នៅ​បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គេ​យក​លោក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​លោក»។

20. បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ព្រះចៅ​ផារ៉ោន ស្ដេច​បាន​ជប់‌លៀង​ក្រុម​មន្ត្រី​របស់​ស្ដេច។ ពេល​នោះ ស្ដេច​បាន​ឲ្យ​គេ​ដោះ​លែង​មហា‌តលិក​ទាំង​ពីរ នៅ​មុខ​មន្ត្រី​ទាំង​អស់។

21. ព្រះ‌រាជា​បាន​តែង‌តាំង​មហា‌តលិក ដែល​មាន​នាទី​ថ្វាយ​ស្រា ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ឡើង​វិញ។

22. ប៉ុន្តែ ស្ដេច​បញ្ជា​ឲ្យ​គេ​យក​មហា‌តលិក​ថ្វាយ​នំប៉័ង​ទៅ​ព្យួរ-ក ស្រប​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បក​ស្រាយ​ប្រាប់។

23. រីឯ​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា មិន​បាន​នឹក​នា​ដល់​លោក​យ៉ូសែប​ទេ គាត់​ភ្លេច​សូន្យ‌ឈឹង។

លោកុ‌ប្បត្តិ 40