1. ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និងម្នាក់ទៀតមាននាទីថ្វាយនំប៉័ង។
2. ព្រះចៅផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងនោះជាខ្លាំង។
3. ស្ដេចក៏បញ្ជាឲ្យយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្ដេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។
4. មេបញ្ជាការប្រគល់លោកទាំងពីរឲ្យលោកយ៉ូសែបមើលខុសត្រូវ។ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក
5. មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។
6. ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់
7. លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។
8. គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
9. មហាតលិកដែលមាននាទីថ្វាយស្រាស្ដេច បានរៀបរាប់ប្រាប់លោកយ៉ូសែបអំពីសុបិនរបស់គាត់ ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពាំងបាយជូរមួយដើម នៅពីមុខខ្ញុំ។
10. ដើមទំពាំងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។
11. ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។
12. លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។
13. បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។