លោកុ‌ប្បត្តិ 40:1-11 Khmer Standard Version (KHSV)

1. ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​រូប​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះចៅ​អេស៊ីប​ជា​ម្ចាស់​របស់​ខ្លួន។ ម្នាក់​ជា​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា និង​ម្នាក់​ទៀត​មាន​នាទី​ថ្វាយ​នំប៉័ង។

2. ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​ខ្ញាល់​នឹង​មហា‌តលិក​ទាំង​ពីរ គឺ​មហា‌តលិក​ថ្វាយ​ស្រា និង​មហា‌តលិក​ថ្វាយ​នំប៉័ង​នោះ​ជា​ខ្លាំង។

3. ស្ដេច​ក៏​បញ្ជា​ឲ្យ​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ‌ឃាំង នៅ​ក្នុង​ផ្ទះ​របស់​មេ​បញ្ជា​ការ​កង‌រក្សា​ស្ដេច គឺ​ក្នុង​ពន្ធ‌នាគារ​ដែល​គេ​ឃុំ‌ឃាំង​លោក​យ៉ូសែប។

4. មេ​បញ្ជា​ការ​ប្រគល់​លោក​ទាំង​ពីរ​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ។ក្រោយ​ពី​បាន​ជាប់​ឃុំ‌ឃាំង​មួយ​រយៈ​មក

5. មាន​យប់​មួយ លោក​ទាំង​ពីរ គឺ​មហា‌តលិក​ថ្វាយ​ស្រា និង​មហា‌តលិក​ថ្វាយ​នំប៉័ង​ដែល​ជាប់​ឃុំ‌ឃាំង​នោះ បាន​យល់​សប្តិ​រៀងៗ​ខ្លួន តែ​មាន​អត្ថន័យ​ប្លែកៗ​ពី​គ្នា។

6. ព្រលឹម​ឡើង លោក​យ៉ូសែប​បាន​មក​ជួប​លោក​ទាំង​ពីរ ឃើញ​គេ​ស្រងូត‌ស្រងាត់

7. លោក​ក៏​សួរ​មហា‌តលិក​ទាំង​ពីរ​របស់​ស្ដេច​ផារ៉ោន ដែល​នៅ​ជាប់​ឃុំ‌ឃាំង​ជា​មួយ​លោក ក្នុង​ពន្ធ‌នាគារ​ម្ចាស់​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។

8. គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។

9. មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​ស្ដេច បាន​រៀប​រាប់​ប្រាប់​លោក​យ៉ូសែប​អំពី​សុបិន​របស់​គាត់ ដូច​ត​ទៅ៖ «ខ្ញុំ​យល់​សប្តិ​ឃើញ​ដើម​ទំពាំង‌បាយជូរ​មួយ​ដើម នៅ​ពី​មុខ​ខ្ញុំ។

10. ដើម​ទំពាំង‌បាយជូរ​នោះ​មាន​មែក​បី មាន​ពន្លក​លេច​ចេញ​មក ផ្កា​វា​ក៏​លាស់​ចេញ​មក​ដែរ ហើយ​មាន​ផ្លែ​ទុំ​ផង។

11. ពេល​នោះ ខ្ញុំ​កាន់​ពែង​របស់​ព្រះចៅ​ផារ៉ោន​នៅ​ដៃ ខ្ញុំ​ក៏​បេះ​ផ្លែ​ទំពាំង‌បាយជូរ​មក​ច្របាច់​ដាក់​ក្នុង​ពែង រួច​ថ្វាយ​ពែង​នោះ​ទៅ​ព្រះចៅ​ផារ៉ោន»។

លោកុ‌ប្បត្តិ 40