9. ព្រះអម្ចាស់សួរលោកកាអ៊ីនថា៖ «អេបិលប្អូនរបស់អ្នកនៅឯណា?»។ គាត់ទូលព្រះអង្គថា៖ «ទូលបង្គំមិនដឹងទេ! តើទូលបង្គំជាអ្នកឃ្វាលប្អូនរបស់ទូលបង្គំឬ?»។
10. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ម្ដេចក៏អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
11. ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។
12. ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។
13. លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។
14. ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។
15. ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។
16. បន្ទាប់មកទៀត លោកកាអ៊ីនបានចាកចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។
17. លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។
18. លោកហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក លោកអ៊ីរ៉ាដបង្កើតមហ៊ូយ៉ែល លោកមហ៊ូយ៉ែលបង្កើតមទូសែល លោកមទូសែលបង្កើតឡាម៉េក។