13. លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។
14. ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។
15. ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។
16. បន្ទាប់មកទៀត លោកកាអ៊ីនបានចាកចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។
17. លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។
18. លោកហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក លោកអ៊ីរ៉ាដបង្កើតមហ៊ូយ៉ែល លោកមហ៊ូយ៉ែលបង្កើតមទូសែល លោកមទូសែលបង្កើតឡាម៉េក។
19. លោកឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះនាងអដា ម្នាក់ទៀតឈ្មោះនាងស៊ីឡា។