12. ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។
13. លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។
14. ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។
15. ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញមួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។
16. បន្ទាប់មកទៀត លោកកាអ៊ីនបានចាកចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។
17. លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។
18. លោកហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក លោកអ៊ីរ៉ាដបង្កើតមហ៊ូយ៉ែល លោកមហ៊ូយ៉ែលបង្កើតមទូសែល លោកមទូសែលបង្កើតឡាម៉េក។
19. លោកឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះនាងអដា ម្នាក់ទៀតឈ្មោះនាងស៊ីឡា។
20. នាងអដាបង្កើតកូនមួយឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។
21. ប្អូនរបស់លោកយ៉ាបាលឈ្មោះលោកយូបាល ជាបុព្វបុរសរបស់ពួកអ្នកលេងពិណ និងចាប៉ី។
22. រីឯនាងស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់លោកទូបាល-កាអ៊ីន ឈ្មោះនាងណាអាម៉ា។
23. លោកឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖«អដា និងស៊ីឡាអើយ ចូរស្ដាប់សម្ដីខ្ញុំ!ភរិយារបស់ឡាម៉េកអើយចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំនិយាយ!ខ្ញុំបានសម្លាប់មនុស្សម្នាក់ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយហើយខ្ញុំបានសម្លាប់ក្មេងម្នាក់ព្រោះតែស្នាមជាំមួយ។
24. បើគេវាយសម្លាប់លោកកាអ៊ីនត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េកត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់ដើម្បីសងសឹក»។
25. លោកអដាំរួមរស់ជាមួយភរិយាម្ដងទៀត នាងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា សេថ ដ្បិតនាងពោលថា «ដ្បិតព្រះជាម្ចាស់ប្រទានកូនមួយទៀតមកឲ្យខ្ញុំ ដើម្បីបន្តពូជជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់»។
26. លោកសេថបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា អេណុស។ ចាប់តាំងពីពេលនោះមក គេនាំគ្នាគោរពថ្វាយបង្គំព្រះជាម្ចាស់ ដោយហៅព្រះអង្គថា «ព្រះអម្ចាស់»។