1. ជនជាតិអ៊ីស្មាអែលបាននាំយ៉ូសែបចុះទៅស្រុកអេស៊ីប ហើយលក់លោកឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ព្រះចៅផារ៉ោន និងជាមេបញ្ជាការកងរក្សាស្ដេច។
2. ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ការអ្វីដែលលោកធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ លោករស់នៅក្នុងផ្ទះម្ចាស់របស់លោក ដែលជាជនជាតិអេស៊ីបនោះ។
3. ម្ចាស់របស់លោកឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោក ហើយការអ្វីដែលលោកធ្វើ ព្រះអង្គប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
4. លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ គាត់ក៏ឲ្យលោកធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។
5. ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង និងលើទ្រព្យសម្បត្តិរបស់គាត់មក ព្រះអម្ចាស់ប្រទានពរដល់ជនជាតិអេស៊ីបនេះ ព្រោះតែលោកយ៉ូសែប ហើយព្រះអង្គក៏ប្រទានពរដល់អ្វីៗទាំងអស់ ដែលជាកម្មសិទ្ធិរបស់គាត់ គឺទាំងផ្ទះសំបែង ទាំងស្រែចម្ការ។
6. គាត់ប្រគល់ឲ្យលោកយ៉ូសែបគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន ហើយក្រៅតែពីបរិភោគ គាត់មិនខ្វល់ខ្វាយនឹងកិច្ចការអ្វីទៀតឡើយ។ លោកយ៉ូសែបមានរូបរាងសង្ហាណាស់។
7. ក្រោយមក ភរិយាម្ចាស់របស់លោកយ៉ូសែបចាប់ចិត្តស្រឡាញ់លោក ហើយបបួលលោកថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។
8. លោកយ៉ូសែបបានបដិសេធ លោកពោលទៅភរិយាម្ចាស់របស់លោកថា៖ «លោកម្ចាស់របស់ខ្ញុំបានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកមាន គឺលោកមិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់លោកឡើយ។
9. ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ លោកអនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់ វៀរលែងតែលោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់លោក។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់បានដែរ»។
10. ស្ត្រីនោះលួងលោមលោកយ៉ូសែប ជារៀងរាល់ថ្ងៃ ឲ្យរួមរ័កជាមួយនាង តែលោកពុំព្រមធ្វើតាមពាក្យនាងឡើយ។
11. ថ្ងៃមួយ លោកយ៉ូសែបបានចូលទៅបំពេញកិច្ចការរបស់លោកនៅក្នុងផ្ទះ ពេលនោះ គ្មានអ្នកបម្រើណានៅក្នុងផ្ទះទេ