5. នាងមានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសម្រាលកូននោះ លោកយូដារស់នៅភូមិកេស៊ីប។
6. លោកយូដាបានដណ្ដឹងនារីម្នាក់ ឈ្មោះតាម៉ារ មកឲ្យធ្វើជាភរិយារបស់អ៊ើរ ជាកូនច្បងរបស់គាត់។
7. អ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។
8. ពេលនោះ លោកយូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។
9. ដោយអូណាន់ដឹងថា ពូជពង្សដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងសម្រក់ចោលទៅដី ព្រោះមិនចង់បន្តពូជឲ្យបងប្រុស។