19. នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។
20. លោកយូដាបានផ្ញើកូនពពែទៅឲ្យនាង តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់លោកយូដារកនាងពុំឃើញសោះ។
21. គាត់សួរអ្នកស្រុកនៅកន្លែងនោះថា៖ «ស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណែមនោះ នៅឯណា?»។ គេតបមកវិញថា៖ «នៅទីនេះ មិនដែលមានស្ត្រីពេស្យាទេ!»។
22. គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកស្រីនោះពុំឃើញទេ ហើយអ្នកស្រុកនោះបានប្រាប់ខ្ញុំថា “នៅទីនេះមិនដែលមានស្ត្រីពេស្យាទេ”»។
23. លោកយូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅ! យើងមិនបាច់សួរដេញដោល នាំតែអ្នកស្រុកមើលងាយទេ។ ខ្ញុំបានផ្ញើកូនពពែទៅឲ្យនាងតាមសន្យា តែបើសម្លាញ់ឯងរកនាងមិនឃើញ ក៏ហីទៅចុះ!»។