15. កាលលោកយូដាឃើញនាង គាត់ស្មានថាជាស្ត្រីពេស្យា ដ្បិតនាងមានស្បៃបាំងមុខ។
16. គាត់ចូលទៅជិតនាង ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថាជាកូនប្រសារបស់គាត់ទេ។ នាងតបថា៖ «បើខ្ញុំទៅជាមួយលោក តើលោកឲ្យអ្វីខ្ញុំ?»។
17. គាត់ឆ្លើយថា «ខ្ញុំនឹងផ្ញើកូនពពែមួយមកឲ្យនាង»។ នាងតបទៅវិញថា៖ «ចា៎ស ខ្ញុំយល់ព្រម តែលោកត្រូវបញ្ចាំអ្វីមួយទុកឲ្យខ្ញុំ ទម្រាំខ្ញុំបានទទួលកូនពពែនោះ»។
18. គាត់ពោលទៅវិញថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីទុក?»។ នាងឆ្លើយថា៖ «សុំប្រគល់ត្រារបស់លោក និងខ្សែវា ព្រមទាំងដំបងដែលលោកកាន់នោះមកឲ្យខ្ញុំ»។ លោកយូដាប្រគល់របស់ទាំងនោះឲ្យនាង រួចគាត់ក៏រួមរ័កជាមួយនាង។ បន្ទាប់មក នាងមានផ្ទៃពោះជាមួយគាត់។
19. នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។
20. លោកយូដាបានផ្ញើកូនពពែទៅឲ្យនាង តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់លោកយូដារកនាងពុំឃើញសោះ។
21. គាត់សួរអ្នកស្រុកនៅកន្លែងនោះថា៖ «ស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណែមនោះ នៅឯណា?»។ គេតបមកវិញថា៖ «នៅទីនេះ មិនដែលមានស្ត្រីពេស្យាទេ!»។
22. គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកស្រីនោះពុំឃើញទេ ហើយអ្នកស្រុកនោះបានប្រាប់ខ្ញុំថា “នៅទីនេះមិនដែលមានស្ត្រីពេស្យាទេ”»។
23. លោកយូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅ! យើងមិនបាច់សួរដេញដោល នាំតែអ្នកស្រុកមើលងាយទេ។ ខ្ញុំបានផ្ញើកូនពពែទៅឲ្យនាងតាមសន្យា តែបើសម្លាញ់ឯងរកនាងមិនឃើញ ក៏ហីទៅចុះ!»។
24. បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ លោកយូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។