10. គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។
11. បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
12. នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។
13. លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។
14. លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
15. បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។
16. គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផងថា ពួកគាត់ឃ្វាលចៀមនៅកន្លែងណា»។
17. បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។
18. កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។
19. គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ!
20. យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។