17. រីឯមេកន្ទ្រាញនៃកូនចៅរបស់លោករេហួល ដែលត្រូវជាកូនរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ាស លោកសាំម៉ា លោកមីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ជាភរិយារបស់លោកអេសាវ។
18. មេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ដែលត្រូវជាភរិយារបស់លោកអេសាវ មានលោកយេអ៊ូស លោកយ៉ាឡាម និងលោកកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ និងជាកូនរបស់លោកអណា។
19. អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។
20. រីឯកូនចៅរបស់លោកសៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា
21. ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់លោកសៀរ នៅស្រុកអេដុម។
22. កូនចៅរបស់ឡូថាន មាន ហូរី និងហេម៉ាម។ ប្អូនស្រីរបស់ឡូថាន ឈ្មោះនាងធីមណា។
23. រីឯកូនចៅរបស់សូបាល មានឈ្មោះដូចតទៅ: អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។
24. រីឯកូនចៅរបស់ស៊ីបៀនមានឈ្មោះ អៃយ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ជាឪពុក។
25. កូនចៅរបស់លោកអណាមាន ឌីសសុន និងនាងអហូលីបាម៉ា។
26. កូនចៅរបស់ឌីសសុនមានឈ្មោះដូចតទៅ: ហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។
27. កូនចៅរបស់អេស៊ើរមានឈ្មោះដូចតទៅ: ប៊ីលហាន សាវ៉ាន និងយ៉ាកាន។
28. កូនចៅរបស់ឌីសានមាន អ៊ូស និងអរ៉ាន។
29. រីឯមេកន្ទ្រាញរបស់ជនជាតិហូរីមានឈ្មោះដូចតទៅ: លោកឡូថាន លោកសូបាល លោកស៊ីបៀន លោកអណា
30. លោកឌីសូន លោកអេស៊ើរ និងលោកឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។
31. មុនពេលមានស្ដេចគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល ស្ដេចដែលគ្រងរាជ្យនៅស្រុកអេដុមមាននាមដូចតទៅ
32. ព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានគ្រងរាជ្យនៅក្រុងឌីនហាបា ក្នុងស្រុកអេដុម។
33. លុះព្រះបាទបេឡាបានសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួស។
34. ព្រះបាទយ៉ូបាបសោយទិវង្គតទៅ ព្រះបាទហ៊ូសាំ ជាអ្នកស្រុកថេម៉ាន បានឡើងគ្រងរាជ្យជំនួស
35. ព្រះបាទហ៊ូសាំសោយទិវង្គតទៅ ព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ មកពីក្រុងអាវីត បានឡើងគ្រងរាជ្យជំនួស។ គឺស្ដេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។