លោកុ‌ប្បត្តិ 35:12-21 Khmer Standard Version (KHSV)

12. រីឯ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យអប្រាហាំ និង​អ៊ីសាក​នោះយើង​ក៏​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​អ្នកដែល​កើត​មក​តាម​ក្រោយ​ដែរ»។

13. បន្ទាប់​មក ព្រះ‌ជាម្ចាស់​យាង​ចាក​ចេញ​ពី​កន្លែង ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក​យ៉ាកុប​នោះ ឡើង​ទៅ​វិញ។

14. លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ​ជា​ស្តូប នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​លោក​ក៏​បាន​ច្រួច‌ស្រា​ទំពាំង‌បាយជូរ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ​ទុក​ជា​ទី‌សក្ការៈ។

15. លោក​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​នោះ​ថា «បេត‌អែល»។

16. លោក​យ៉ាកុប​បាន​នាំ​ក្រុម​គ្រួសារ​របស់​លោក​ចាក​ចេញ​ពី​បេត‌អែល។ មុន​ទៅ​ដល់​ភូមិ​អេប្រាតា លោក​ស្រី​រ៉ាជែល​បាន​សម្រាល​កូន​យ៉ាង​សែន​លំបាក

17. ពេល​គាត់​កំពុង​តែ​សម្រាល​កូន​យ៉ាង​ឈឺ​ចុក​ចាប់​នោះ ឆ្មប​ជម្រាប​គាត់​ថា៖ «កុំ​ភ័យ​ខ្លាច​អី លោក​ស្រី​មាន​កូន​ប្រុស​មួយ​ទៀត!»។

18. លោក​ស្រី​រ៉ាជែល​កំពុង​តែ​ដង្ហក់ ហើយ​ពេល​ហៀប​នឹង​ផុត​ដង្ហើម គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា “បេន‌អូនី” មាន​ន័យ​ថា “កូន​នៃ​ទុក្ខ​លំបាក” តែ​ឪពុក​ដាក់​ឈ្មោះ​ថា “បេន‌យ៉ាមីន” មាន​ន័យ​ថា “កូន​ខាង​ស្ដាំ”។

19. លោក​ស្រី​រ៉ាជែល​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេប្រាតា គឺ​ភូមិ​បេថ្លេ‌ហិម។

20. លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ ជា​ស្តូប​នៅ​លើ​ផ្នូរ គឺ​ស្តូប​ផ្នូរ​នាង​រ៉ាជែល ដែល​ស្ថិត​នៅ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

21. លោក​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ភូមិ​មីគ‌ដាល-‌អេ‌ឌើរ។

លោកុ‌ប្បត្តិ 35