24. មនុស្សម្នាទាំងប៉ុន្មានដែលបានចេញទៅស្ដាប់លោកហាម៉ោរ និងស៊ីគែម កូនរបស់គាត់ នៅមាត់ទ្វារក្រុង ក៏យល់ស្របតាមពាក្យរបស់អ្នកទាំងពីរ ហើយប្រុសៗដែលទៅស្ដាប់នៅមាត់ទ្វារក្រុង បានទទួលពិធីកាត់ស្បែកទាំងអស់គ្នា។
25. នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះកំពុងតែឈឺ កូនប្រុសពីរនាក់របស់លោកយ៉ាកុប គឺលោកស៊ីម្មាន និងលោកលេវី ដែលត្រូវជាបងរបស់នាងឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ
26. គេក៏បានប្រហារជីវិតលោកហាម៉ោរ និងស៊ីគែម ជាកូនដោយមុខដាវដែរ រួចហើយគេក៏យកនាងឌីណាចេញពីផ្ទះរបស់ស៊ីគែម។
27. កូនប្រុសលោកយ៉ាកុបឯទៀតៗបានរឹបអូសយករបស់របរលើសាកសព ហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផង ដ្បិតអ្នកក្រុងនោះបានធ្វើឲ្យនាងឌីណា ជាប្អូនស្រីរបស់ពួកគេ បាត់បង់កិត្តិយស។
28. ពួកគេបានចាប់ហ្វូងចៀម និងហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះ ទាំងនៅក្នុងក្រុង ទាំងនៅតាមស្រុកស្រែ យកទៅជាមួយ។
29. ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងផ្ទះគេផង។
30. លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកស៊ីម្មាន និងលោកលេវីថា៖ «កូនទាំងពីរប្រព្រឹត្តដូច្នេះ នាំឲ្យពុកមានកង្វល់ហើយ ព្រោះអ្នកស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត មុខជានាំគ្នាស្អប់ពុក។ ប្រសិនបើពួកគេលើកគ្នាមកវាយប្រហារពុក នោះពុកត្រូវវិនាសជាមួយក្រុមគ្រួសារពុកជាមិនខាន ដ្បិតពុកមានទ័ពតែបន្តិចបន្តួចប៉ុណ្ណោះ»។
31. លោកស៊ីម្មាន និងលោកលេវីតបថា៖ «ពួកកូនមិនទុកឲ្យគេប្រមាថមាក់ងាយប្អូនស្រីរបស់ពួកកូន ដូចជាស្រីខូចនោះឡើយ»។