19. អ្នកកំលោះនោះមិនបង្អែបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ ក្នុងគ្រួសាររបស់លោកហាម៉ោរ គេគោរពស៊ីគែមជាងគេ។
20. លោកហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖
21. «អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះ ទុកឲ្យពួកគេរស់នៅ និងរកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងឲ្យគេចូលមកចុះ។ យើងនាំគ្នាដណ្ដឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើងឲ្យគេធ្វើជាប្រពន្ធដែរ។
22. ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និងចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ក្នុងចំណោមពួកយើងកាត់ស្បែកដូចពួកគេដែរ។
23. បើយើងសុខចិត្តធ្វើតាមពាក្យស្នើរបស់គេ គេសុខចិត្តរស់នៅជាមួយយើង ហើយហ្វូងសត្វ ទ្រព្យសម្បត្តិ និងសត្វទាំងប៉ុន្មានរបស់គេ នឹងត្រូវបានមកជាកម្មសិទ្ធិរបស់យើងមិនខាន»។
24. មនុស្សម្នាទាំងប៉ុន្មានដែលបានចេញទៅស្ដាប់លោកហាម៉ោរ និងស៊ីគែម កូនរបស់គាត់ នៅមាត់ទ្វារក្រុង ក៏យល់ស្របតាមពាក្យរបស់អ្នកទាំងពីរ ហើយប្រុសៗដែលទៅស្ដាប់នៅមាត់ទ្វារក្រុង បានទទួលពិធីកាត់ស្បែកទាំងអស់គ្នា។
25. នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះកំពុងតែឈឺ កូនប្រុសពីរនាក់របស់លោកយ៉ាកុប គឺលោកស៊ីម្មាន និងលោកលេវី ដែលត្រូវជាបងរបស់នាងឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ
26. គេក៏បានប្រហារជីវិតលោកហាម៉ោរ និងស៊ីគែម ជាកូនដោយមុខដាវដែរ រួចហើយគេក៏យកនាងឌីណាចេញពីផ្ទះរបស់ស៊ីគែម។
27. កូនប្រុសលោកយ៉ាកុបឯទៀតៗបានរឹបអូសយករបស់របរលើសាកសព ហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផង ដ្បិតអ្នកក្រុងនោះបានធ្វើឲ្យនាងឌីណា ជាប្អូនស្រីរបស់ពួកគេ បាត់បង់កិត្តិយស។
28. ពួកគេបានចាប់ហ្វូងចៀម និងហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះ ទាំងនៅក្នុងក្រុង ទាំងនៅតាមស្រុកស្រែ យកទៅជាមួយ។
29. ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងផ្ទះគេផង។