11. ស៊ីគែមពោលទៅកាន់ឪពុក និងបងប្រុសទាំងអស់របស់នាងឌីណាថា៖ «សូមមេត្តាអធ្យាស្រ័យឲ្យខ្ញុំផង អ្វីក៏ដោយឲ្យតែអស់លោកបង្គាប់ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់។
12. សូមបង្គាប់ខ្ញុំបាទឲ្យជូនបណ្ដាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាងមកជាភរិយារបស់ខ្ញុំបាទ»។
13. ដោយស៊ីគែមបានធ្វើឲ្យនាងឌីណា ជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅស៊ីគែម និងលោកហាម៉ោរ ជាឪពុកគាត់វិញ ដោយកលល្បិចថា៖
14. «យើងមិនអាចយល់ព្រមតាមពាក្យស្នើរបស់អ្នកទេ គឺយើងពុំអាចលើកប្អូនស្រីឲ្យបុរសណា ដែលមិនកាត់ស្បែក*បានឡើយ ធ្វើដូច្នេះ នឹងនាំឲ្យយើងបាក់មុខជាមិនខាន។
15. យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកលោកសុខចិត្តកាត់ស្បែកដូចយើង គឺត្រូវកាត់ស្បែកឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកលោក។
16. ធ្វើដូច្នោះ ទើបយើងលើកកូនស្រីៗរបស់យើងឲ្យពួកលោក ហើយយើងក៏នឹងដណ្ដឹងកូនស្រីរបស់ពួកលោកដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។
17. ប៉ុន្តែ ប្រសិនបើអស់លោកមិនព្រមកាត់ស្បែកដូចយើងទេនោះ យើងនឹងយកកូនស្រីរបស់យើងវិញ ហើយចាកចេញពីទីនេះទៅ»។
18. លោកហាម៉ោរ និងស៊ីគែមជាកូន ក៏យល់ស្របតាមពាក្យស្នើនេះ។
19. អ្នកកំលោះនោះមិនបង្អែបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ ក្នុងគ្រួសាររបស់លោកហាម៉ោរ គេគោរពស៊ីគែមជាងគេ។
20. លោកហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖