11. ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយលោកយ៉ាកុបចេះតែបង្ខំខ្លាំងពេក លោកអេសាវក៏យល់ព្រមទទួល។
12. លោកអេសាវពោលថា៖ «តោះ យើងចេញដំណើរទៅ បងនឹងទៅជាមួយប្អូន»។
13. លោកយ៉ាកុបតបវិញថា៖ «លោកបងជ្រាបស្រាប់ហើយថា ធ្វើដំណើរជាមួយកូនក្មេងមិនស្រួលទេ ហើយខ្ញុំក៏មានចៀម និងគោដែលបំបៅកូនមកជាមួយដែរ។ បើយើងបង្ខំឲ្យដើរលឿនតែមួយថ្ងៃ ហ្វូងចៀមមុខជាត្រូវវិនាសអស់មិនខាន។
14. ដូច្នេះ សូមលោកបងអញ្ជើញទៅមុនខ្ញុំចុះ ខ្ញុំនឹងដើរសន្សឹមតាមក្រោយ ជាមួយហ្វូងសត្វ និងក្មេងៗ រហូតទៅដល់ទីលំនៅរបស់លោកបង នៅស្រុកសៀរ»។
15. លោកអេសាវពោលថា៖ «យ៉ាងហោចណាស់ក៏បងចង់ទុកគ្នាបងខ្លះ ឲ្យរួមដំណើរជាមួយប្អូនដែរ»។ លោកយ៉ាកុបតបថា៖ «មិនចាំបាច់ទេ លោកបងបានអធ្យាស្រ័យដល់រូបខ្ញុំតែប៉ុណ្ណេះ ក៏ល្មមហើយ»។
16. នៅថ្ងៃដដែលនោះ លោកអេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។
17. រីឯលោកយ៉ាកុប លោកចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ លោកបានសង់ផ្ទះមួយសម្រាប់លោក និងសង់រោងសម្រាប់ហ្វូងសត្វរបស់លោកដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត។
18. លោកយ៉ាកុបបានវិលពីស្រុកប៉ាដាន់-អើរ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយលោកក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។