1. លោកយ៉ាកុបងើបមុខឡើង ឃើញលោកអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង លោកក៏ចែកកូនឲ្យលោកស្រីលេអា លោកស្រីរ៉ាជែល និងស្ត្រីបម្រើទាំងពីរ។
2. លោកដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាង ឲ្យដើរមុខគេ បន្ទាប់មក លោកស្រីលេអា និងកូនរបស់គាត់ ហើយលោកស្រីរ៉ាជែល និងយ៉ូសែប ដើរក្រោយគេ។
3. រីឯខ្លួនលោកផ្ទាល់ លោកដើរមុខគេបង្អស់ ហើយលោកក្រាបសំពះដល់ដីប្រាំពីរដង រហូតទៅជិតដល់លោកអេសាវ។
4. លោកអេសាវរត់មកជួបលោក រួចឱបលោកទៀតផង។ គាត់ឱបកលោក ថើបលោក ហើយទាំងពីរនាក់ក៏នាំគ្នាយំ។
5. លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ លោកសួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំប្របាទ»។
6. ស្ត្រីបម្រើក៏នាំគ្នាចូលមកជាមួយកូនៗរបស់នាង រួចក្រាបសំពះលោកអេសាវ។
7. លោកស្រីលេអា និងកូនៗរបស់គាត់ ក៏ចូលមកក្រាបសំពះ ហើយយ៉ូសែប និងលោកស្រីរ៉ាជែល នាំគ្នាចូលមកក្រាបសំពះដែរ។
8. លោកអេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មានដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។
9. លោកអេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។
10. លោកយ៉ាកុបឆ្លើយវិញថា៖ «ទេ ប្រសិនបើលោកបងយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមទទួលយកជំនូននេះពីដៃខ្ញុំផ្ទាល់ទៅ។ ពេលខ្ញុំឃើញមុខលោកបង ក៏ដូចជាបានឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ដូច្នោះដែរ ព្រោះលោកបងបានទទួលខ្ញុំយ៉ាងរាក់ទាក់។