4. លោកបានផ្ដែផ្ដាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបលោកអេសាវ ជាម្ចាស់ខ្ញុំ ដូចតទៅ: យ៉ាកុប ជាអ្នកបម្រើរបស់លោក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។
5. ខ្ញុំមានគោ លា ចៀម និងមានអ្នកបម្រើប្រុសស្រីជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្ដីសន្តោសមេត្តាពីលោកម្ចាស់”»។
6. អ្នកនាំសារបានវិលមកជួបលោកយ៉ាកុបវិញ ជម្រាបថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវ ជាបងរបស់លោកហើយ។ លោកអេសាវក៏កំពុងតែធ្វើដំណើរមកជួបលោកដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។
7. លោកយ៉ាកុបភ័យខ្លាច និងតប់ប្រមល់យ៉ាងខ្លាំង លោកក៏ចែកពួកលោកជាពីរជំរំ ហើយចែកហ្វូងចៀម ហ្វូងគោ និងអូដ្ឋ ជាពីរហ្វូងដែរ
8. ព្រោះលោកគិតថា ប្រសិនបើលោកអេសាវមកវាយប្រហារជំរំមួយ ជំរំមួយទៀតអាចរត់រួចបាន។
9. បន្ទាប់មក លោកយ៉ាកុបទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃលោកអប្រាហាំ ដែលជាជីតារបស់ទូលបង្គំ ជាព្រះនៃលោកអ៊ីសាកដែលជាឪពុករបស់ទូលបង្គំអើយ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ចូរវិលទៅស្រុកអ្នក វិលទៅរកញាតិសន្ដានរបស់អ្នកវិញទៅ យើងនឹងឲ្យអ្នកបានសុខដុមរមនា!”
10. ទូលបង្គំជាមនុស្សទន់ទាបណាស់ មិនសមឲ្យព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ចំពោះទូលបង្គំដល់កម្រិតនេះឡើយ។ កាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំ។