24. លោកយ៉ាកុបនៅតែម្នាក់ឯង។ ពេលនោះ មានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។
25. កាលបុរសនោះឃើញថាពុំអាចឈ្នះលោកយ៉ាកុបបាន ក៏វាយលោកចំចង្កេះ។ លោកយ៉ាកុបក៏ថ្លោះចង្កេះ នៅពេលបោកចំបាប់គ្នានោះ។
26. បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
27. បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។