7. តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។
8. ប្រសិនបើឪពុករបស់នាងពោលមកបងថា “សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។
9. ព្រះជាម្ចាស់បានដកហូតហ្វូងសត្វពីឪពុករបស់នាង ហើយប្រគល់មកឲ្យបង។
10. នៅរដូវដែលសត្វតែងជាន់គ្នា បងបានឃើញក្នុងសុបិនថា សត្វឈ្មោលៗដែលជាន់សត្វញីៗនោះ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។
11. ទេវតារបស់ព្រះជាម្ចាស់ហៅបងក្នុងសុបិននោះថា “យ៉ាកុបអើយ!” បងឆ្លើយវិញថា “បាទ!”។
12. ទេវតាពោលថា “ចូរសម្លឹងមើលនុ៎ះ! សត្វឈ្មោលៗទាំងប៉ុន្មានដែលជាន់សត្វញីៗ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ យើងឃើញអំពើដែលឡាបាន់ប្រព្រឹត្តចំពោះអ្នកហើយ
13. យើងជាព្រះនៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើស្តូបថ្មមួយ ថែមទាំងបានបន់ស្រន់ទៀតផង។ ឥឡូវនេះ ចូរក្រោកឡើង ចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។
14. លោកស្រីរ៉ាជែល និងលោកស្រីលេអា ពោលទៅលោកយ៉ាកុបវិញថា៖ «ឪពុកយើងមិនឲ្យយើងមានចំណែកមត៌កអ្វី នៅក្នុងក្រុមគ្រួសារគាត់ទៀតទេ។
15. គាត់ក៏បានចាត់ទុកយើងដូចជាអ្នកដទៃដូច្នោះដែរ គឺគាត់បានលក់យើងទាំងពីរនាក់ ហើយយកប្រាក់របស់យើងថែមទៀត!
16. ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលព្រះជាម្ចាស់បានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់បងទៅ»។
17. លោកយ៉ាកុបក្រោកឡើងនាំកូន និងប្រពន្ធ ជិះអូដ្ឋចេញដំណើរទៅ។
18. លោកនាំហ្វូងសត្វរបស់លោក ព្រមទាំងទ្រព្យសម្បត្តិដែលលោករកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលលោករកបាននៅស្រុកប៉ាដាន់អើរ៉ាម។ លោកធ្វើដំណើរត្រឡប់ទៅរកលោកអ៊ីសាក ជាឪពុក នៅស្រុកកាណានវិញ។
19. ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
20. រីឯលោកយ៉ាកុបវិញ លោកបានលួចរត់ចេញពីលោកឡាបាន់ ជាជនជាតិអើរ៉ាម ដោយពុំប្រាប់ឲ្យគាត់ដឹងមុនឡើយ
21. លោកបានរត់ចេញទៅ ដោយនាំយកអ្វីៗទាំងអស់ដែលលោកមាន ទៅជាមួយផង។ លោកបានឆ្លងកាត់ទន្លេអឺប្រាត តម្រង់ឆ្ពោះទៅកាន់តំបន់ភ្នំកាឡាដ។
22. នៅថ្ងៃទីបី មានគេមកជម្រាបលោកឡាបាន់ថា លោកយ៉ាកុបរត់បាត់ទៅហើយ។
23. គាត់ក៏នាំបងប្អូនដេញតាមលោកយ៉ាកុប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុប នៅតំបន់ភ្នំកាឡាដ។
24. ក៏ប៉ុន្តែ ព្រះជាម្ចាស់យាងមកឲ្យលោកឡាបាន់ ជាជនជាតិអើរ៉ាមឃើញ ក្នុងសុបិននៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អ ឬអាក្រក់ក្ដី»។
25. លោកឡាបាន់បានតាមលោកយ៉ាកុបទាន់។ លោកយ៉ាកុបបោះជំរំនៅលើភ្នំ រីឯលោកឡាបាន់វិញ លោកក៏បោះជំរំជាមួយបងប្អូនលោក នៅលើភ្នំកាឡាដដែរ។
26. លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង?