42. ប្រសិនបើព្រះនៃលោកអប្រាហាំ ជាជីតារបស់ខ្ញុំ ជាព្រះដែលលោកអ៊ីសាកគោរពកោតខ្លាច មិនបានគង់ជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ព្រះជាម្ចាស់បានទតឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ព្រះអង្គកាន់ខាងខ្ញុំ»។
43. លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបវិញថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ក្មេងប្រុសទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយអ្វីៗទាំងប៉ុន្មានដែលកូនមើលឃើញនៅទីនេះ ក៏សុទ្ធតែជារបស់ពុកដែរ តែថ្ងៃនេះ ពុកមិនទាមទារយកកូនស្រីរបស់ពុក ព្រមទាំងកូនៗដែលកើតចេញពីនាងនោះមកវិញឡើយ។
44. ដូច្នេះ ឥឡូវនេះដល់ពេលដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយគ្នា ហើយសូមឲ្យមានសាក្សីដឹងឮផង!»។
45. លោកយ៉ាកុបបានយកដុំថ្មមួយ មកបញ្ឈរធ្វើជាស្តូប។
46. លោកយ៉ាកុបប្រាប់បងប្អូនរបស់លោកថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគនៅលើគំនរថ្មនោះ។
47. លោកឡាបាន់ហៅកន្លែងនោះថា «យេការ-សាហាឌូថា» តែលោកយ៉ាកុបហៅកន្លែងនោះថា «កាឡេឌ»វិញ។
48. លោកឡាបាន់ពោលថា៖ «ថ្ងៃនេះ ពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។
49. គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះលោកឡាបាន់ពោលថា «សូមព្រះអម្ចាស់តាមឃ្លាំមើលកូន និងពុក នៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។