លោកុ‌ប្បត្តិ 31:38-43 Khmer Standard Version (KHSV)

38. ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។

39. ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែងតែ​សង​ជា‌និច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្ដី ឬ​យប់​ក្ដី លោក​ឪពុក​តែង​ចាប់​ឲ្យ​ខ្ញុំ​សង​ទាំង​អស់។

40. ខ្ញុំ​ទ្រាំ‌ទ្រ​នៅ​ជា​មួយ​ហ្វូង​សត្វ​ជា‌និច្ច គឺ​ត្រូវ​រង​កម្ដៅ​នៅ​ពេល​ថ្ងៃ ត្រូវ​រងា​នៅ​ពេល​យប់ និង​ត្រូវ​អត់​ងងុយ​ដេក​មិន​លក់។

41. ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ដប់‌បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។

42. ប្រសិន​បើ​ព្រះ​នៃ​លោក​អប្រាហាំ ជា​ជីតា​របស់​ខ្ញុំ ជា​ព្រះ​ដែល​លោក​អ៊ីសាក​គោរព​កោត​ខ្លាច មិន​បាន​គង់​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ព្រះ‌ជាម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់‌មិញ ព្រះ‌អង្គ​កាន់​ខាង​ខ្ញុំ»។

43. លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាម‌ទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។

លោកុ‌ប្បត្តិ 31