22. នៅថ្ងៃទីបី មានគេមកជម្រាបលោកឡាបាន់ថា លោកយ៉ាកុបរត់បាត់ទៅហើយ។
23. គាត់ក៏នាំបងប្អូនដេញតាមលោកយ៉ាកុប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុប នៅតំបន់ភ្នំកាឡាដ។
24. ក៏ប៉ុន្តែ ព្រះជាម្ចាស់យាងមកឲ្យលោកឡាបាន់ ជាជនជាតិអើរ៉ាមឃើញ ក្នុងសុបិននៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អ ឬអាក្រក់ក្ដី»។
25. លោកឡាបាន់បានតាមលោកយ៉ាកុបទាន់។ លោកយ៉ាកុបបោះជំរំនៅលើភ្នំ រីឯលោកឡាបាន់វិញ លោកក៏បោះជំរំជាមួយបងប្អូនលោក នៅលើភ្នំកាឡាដដែរ។
26. លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង?
27. ហេតុអ្វីបានជាកូនលួចរត់មកដូច្នេះ? កូនបានបញ្ឆោតពុកហើយ គឺមិនប្រាប់ឲ្យឪពុកបានដឹងសោះ។ បើពុកដឹងមុន ម៉្លេះសមពុកជូនដំណើរកូន ដោយអំណរសប្បាយ គឺមានច្រៀង វាយស្គរ និងលេងពិណផង។
28. កូនមិនបានទុកឲ្យពុកថើបលាកូនចៅប្រុសស្រីរបស់ពុកឡើយ កូនធ្វើដូច្នេះពិតជាល្ងីល្ងើមែន។
29. ពុកមានអំណាចអាចធ្វើទោសឯងរាល់គ្នាបាន តែព្រះនៃដូនតារបស់ឯងរាល់គ្នាមានព្រះបន្ទូលមកកាន់ពុកពីយប់មិញថា “ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អ ឬអាក្រក់ក្ដី”។
30. ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្ដានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្ដេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។
31. លោកយ៉ាកុបឆ្លើយទៅលោកឡាបាន់វិញថា៖ «ខ្ញុំធ្វើដូច្នេះមកពីភ័យពេក ខ្លាចក្រែងលោកឪពុកដណ្ដើមយកកូនស្រីរបស់លោកឪពុកពីខ្ញុំ។
32. ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ លោកយ៉ាកុបពុំដឹងថា លោកស្រីរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។
33. លោកឡាបាន់ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ជំរំរបស់លោកស្រីលេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លោកស្រីលេអា ចូលទៅក្នុងជំរំរបស់លោកស្រីរ៉ាជែល។