34. លោកឡាបាន់មានប្រសាសន៍ថា៖ «អ៊ីចឹងក៏បាន! ចូរធ្វើតាមពាក្យរបស់កូនទៅ!»។
35. នៅថ្ងៃដដែលនោះ លោកឡាបាន់ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និងពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀមដែលមានសម្បុរស្រអាប់ទាំងប៉ុន្មានដោយឡែក ហើយប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ
36. រួចគាត់ឲ្យពួកគេទៅឆ្ងាយពីលោកយ៉ាកុប ចម្ងាយដើរផ្លូវបីថ្ងៃ។រីឯលោកយ៉ាកុបវិញ លោកឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។
37. លោកយ៉ាកុបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។
38. បន្ទាប់មក លោកយកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។
39. សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមក វាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។
40. ចំណែកឯចៀមដែលលោកយ៉ាកុបញែកទុកដោយឡែកនោះ លោកដាក់វាឲ្យមើលសត្វរបស់លោកឡាបាន់ ដែលមានសម្បុរឆ្នូតៗ និងស្រអាប់។ ធ្វើដូច្នេះ លោកបង្កបង្កើតបានហ្វូងសត្វមួយរបស់លោកផ្ទាល់ ហើយលោកមិនទុកឲ្យវានៅឡូកឡំជាមួយហ្វូងសត្វរបស់លោកឡាបាន់ទេ។
41. ពេលណាមានសត្វមាំៗមកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ
42. តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា លោកមិនដាក់មែកឈើទេ។ ធ្វើដូច្នេះ សត្វខ្សោយៗជាកម្មសិទ្ធិរបស់លោកឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់លោកយ៉ាកុប។
43. លោកយ៉ាកុបមានសម្បត្តិទ្រព្យកាន់តែច្រើនឡើងៗ។ លោកមានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។