លោកុ‌ប្បត្តិ 30:3-15 Khmer Standard Version (KHSV)

3. លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «នេះ​នែ៎ ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​យក​នាង​ទៅ នាង​នឹង​បង្កើត​កូន ខ្ញុំ​នឹង​យក​កូន​នោះ​មក​ចិញ្ចឹម​ទុក​ដូច​ជា​កូន​របស់​ខ្ញុំ​ផ្ទាល់»។

4. លោក​ស្រី​រ៉ាជែល​ក៏​យក​នាង​ប៊ីល‌ហា​មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ លោក​រួម​ដំណេក​ជា​មួយ​នាង

5. នាង​ប៊ីល‌ហា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។

6. លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

7. នាង​ប៊ីល‌ហា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។

8. លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ‌ជំនះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។

9. កាល​លោក​ស្រី​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។

10. នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។

11. លោក​ស្រី​លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“កាដ”។

12. នាង​ស៊ីលផា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។

13. លោក​ស្រី​លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភមង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង‌ឡាយ​នឹង​ពោល​ថា​ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា “អេ‌ស៊ើរ”។

14. ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្ដាយ។ ពេល​នោះ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​ស្រី​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។

15. លោក​ស្រី​លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​អញ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​អញ​ទៀត?»។ លោក​ស្រី​រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ យប់​នេះ​ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។

លោកុ‌ប្បត្តិ 30