លោកុ‌ប្បត្តិ 30:27-36 Khmer Standard Version (KHSV)

27. លោក​ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ‌យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ពុក។

28. ចូរ​ប្រាប់​ពុក​មក កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​ឲ្យ»។

29. លោក​យ៉ាកុប​ជម្រាប​គាត់​ថា៖ «លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក​ក៏​បាន​កើន​ចំនួន​យ៉ាង​ណា​ដែរ

30. គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច‌បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្ដង»។

31. លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» លោក​យ៉ាកុប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ​ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។

32. ថ្ងៃ​នេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យ​មើល​ហ្វូង​សត្វ​ទាំង​មូល​របស់​លោក​ឪពុក ហើយ​ញែក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពព្លាក់ ពពាល និង​ចៀម​ទាំង​ប៉ុន្មាន​ដែល​មាន​សម្បុរ​ស្រអាប់ ចេញ​ពី​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ខ្ញុំ​ក៏​នឹង​ញែក​ពពែ​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពពាល និង​ពព្លាក់ ចេញ​ពី​ហ្វូង​ពពែ​របស់​លោក​ឪពុក​ដែរ។ ខ្ញុំ​សុំ​យក​សត្វ​ទាំង​នោះ​ទុក​ជា​ថ្លៃ​ឈ្នួល។

33. ស្អែក ពេល​លោក​ឪពុក​អញ្ជើញ​ទៅ​មើល​សត្វ ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ លោក​ឪពុក​មុខ​ជា​ជ្រាប​ថា ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់។ ប្រសិន​បើ​លោក​ឪពុក​ឃើញ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ពពាល និង​ពព្លាក់​ក្នុង​ចំណោម​ពពែ ឬ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ស្រអាប់​ក្នុង​ចំណោម​កូន​ចៀម បាន​សេចក្ដី​ថា ខ្ញុំ​បាន​លួច​សត្វ​ទាំង​នោះ​ហើយ»។

34. លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «អ៊ីចឹង​ក៏​បាន! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។

35. នៅ​ថ្ងៃ​ដដែល​នោះ លោក​ឡាបាន់​ញែក​ចៀម​ឈ្មោល​ដែល​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពពែ​ដែល​មាន​សម្បុរ​ពពាល​ពព្លាក់ ពពែ​ដែល​មាន​ក្រឡា​ពណ៌​ស ព្រម​ទាំង​ចៀម​ដែល​មាន​សម្បុរ​ស្រអាប់​ទាំង​ប៉ុន្មាន​ដោយ​ឡែក ហើយ​ប្រគល់​ទៅ​ឲ្យ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ

36. រួច​គាត់​ឲ្យ​ពួក​គេ​ទៅ​ឆ្ងាយ​ពី​លោក​យ៉ាកុប ចម្ងាយ​ដើរ​ផ្លូវ​បី​ថ្ងៃ។រីឯ​លោក​យ៉ាកុប​វិញ លោក​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ដែល​នៅ​សល់។

លោកុ‌ប្បត្តិ 30