2. លោកយ៉ាកុបខឹងនឹងលោកស្រីរ៉ាជែលជាខ្លាំង ហើយតបថា៖ «បងជាព្រះជាម្ចាស់ឬ? គឺព្រះអង្គទេតើដែលបង្ខាំងអូនឯងមិនឲ្យមានកូន!»។
3. លោកស្រីរ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់»។
4. លោកស្រីរ៉ាជែលក៏យកនាងប៊ីលហាមកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ លោករួមដំណេកជាមួយនាង
5. នាងប៊ីលហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកយ៉ាកុប។
6. លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ព្រះសណ្ដាប់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
7. នាងប៊ីលហាជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសម្រាលបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។
8. លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជំនះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។
9. កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលផា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
10. នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។